គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

សកម្មភាពគម្រោង

៦ ២៧, ២០១៩ ១៤:០៦:៣១ ល្ងាច សកម្មភាពគម្រោង

គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) នឹងត្រូវអនុវត្តដោយក្រសួងមហាផ្ទៃ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលសាលាខេត្តសៀមរាប និងសាលារាជធានីភ្នំពេញ។ គម្រោងមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ក្រុមជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ដើម្បីទទួលបានសេវាហិរញ្ញវត្ថុ មានឱកាសរកប្រាក់ចំណូល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ឋខ្នាតតូច និងដើម្បីត្រៀមផ្តល់ការគាំទ្រក្នុងករណីជួបហានិភ័យ ឬគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុក្នុងឃុំ សង្កាត់គោលដៅរបស់គម្រោង។ ដើម្បីសម្រេចគោលដៅនេះ គម្រោងបានបែងចែកសកម្មភាពពីរសំខាន់ៗ នៅក្នុងសមាសភាគជនបទ និងសមាសាភាគទីប្រជុំជនមានដូចជា៖ នៅខេត្តសៀមរាប – គម្រោងបានគាំទ្រដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅក្នុងឃុំចំនួន៤៧ ដោយកសាងសមត្ថភាពរបស់ពួកគាត់ តាមរយៈការចងក្រងក្រុមជួយខ្លួនឯង និងក្រុមអ្នកផលិត និងរៀបចំបើកវគ្គបណ្តុះបណ្តាលសម្រាប់ពួកគេស្តីពីមូលដ្ឋានហិរញ្ញវត្ថុ ការធ្វើផែនការអាជីវកម្ម ការធ្វើបញ្ជីគណនី និងការធ្វើកំណត់ត្រា។ គម្រោងក៏ជួយដល់យុវវ័យ និងស្រ្តីដែលគ្មានការងារធ្វើ តាមរយៈការកសាងជំនាញស្របតាមទីផ្សារការងារ។ គ្រួសារក្រីក្រនឹងទទួលបានទុនឧបត្ថម ដើម្បីយកទៅប្រកបមុខរបរអាជីវកម្មខ្នាតតូច។ ក្រៅពីនេះគម្រោងនឹងជួយផ្នែកហិរញ្ញវត្ថុសម្រាប់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចរបស់សហគមន៍ សំដៅបង្កើនប្រាក់ចំណូលរបស់ប្រជាជនក្រីក្រ ដូចជាការផ្គត់ផ្គង់ទឹក និងអនាម័យ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ឃ្លាំងតូចៗ ផ្លូវថ្នល់សហគមន៍ និងការគ្រប់គ្រងទឹកនៅតាមកសិដ្ឋាន។ នៅរាជធានីភ្នំពេញ – គម្រោងបានគាំទ្រគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងសង្កាត់ចំនួន១៣។ សង្កាត់ទាំង១៣គោលដៅ នឹងទទួលបានហិរញ្ញប្បទានសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅក្នុងសហគមន៍ ហើយគ្រួសារក្រីក្រនៅក្នុងសង្កាត់ទាំងនេះ នឹងទទួលបានការបណ្តុះបណ្តាលជំនាញ និងសេវាកម្មគាំទ្រស្វែងរកការងារ។