កិច្ចប្រជុំគណៈគ្រប់គ្រងគម្រោងលាភ
៩ ២៩, ២០១៩ ១១:៣៧:៥៣ ព្រឹក
រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៦រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា ការិយាល័យសម្របសម្រួលគម្រោងលាភ បានរៀបចំកិច្ចប្រជុំគណៈគ្រប់គ្រងគម្រោងលាភ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត។ លោក ហេង សុផាត ប្រធានគម្រោងលាភថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំក្នុងនាម ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ និងជានាយកគម្រោងលាភដែលបានអញ្ជើញបិទអង្គប្រជុំនៅពេលរសៀល។ អញ្ជើញចូលរួមកិច្ចប្រជុំផងដែរមាន ឯកឧត្តម ហ៊ួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគម្រោងលាភរាជធានីភ្នំពេញ ឯកឧត្តម លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងប្រធានគម្រោងលាភខេត្តសៀមរាប និងបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានអប់រំកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តី ប្រឹក្សាគម្រោងលាភចំនួន៥១នាក់ ក្នុងនោះស្រី១២នាក់មកពីក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលសាលារាជធានីភ្នំពេញ រដ្ឋបាលសាលាខេត្តសៀមរាប។
មានប្រសាសន៍ក្នុងពិធីបើកអង្គប្រជុំ លោក ហេង សុផាត បានគូសបញ្ជាក់ថា ឆ្នាំ២០១៩នេះ ជាឆ្នាំទី២នៃដំណើរការអនុវត្តគម្រោងលាភ ដែលជម្រុញឱ្យក្រុមការងារទាំងអស់របស់គម្រោង ពន្លឿនការងារអនុវត្តផែនការសកម្មភាព និងធ្វើការងារយ៉ាងសកម្មបំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង និងធានាឱ្យការអនុវត្តគម្រោងអាចសម្រេចបានជោគជ័យ។ សកម្មភាពអាទិភាពមួយចំនួនដែលបានដោះស្រាយកន្លងមករួមមាន កិច្ចលទ្ធកម្មផ្គត់ផ្គង់ឧបករណ៍ និងសម្ភារៈបម្រើឱ្យការងារអនុវត្តគម្រោងមាន តុ កៅអី កុំព្យូទ័រ និងឧបករណ៍ ផ្សេងៗទៀតពាក់ព័ន្ធការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋានគោលដៅ ការបង្កើតក្រុមជួយខ្លួនឯង និងការអភិវឌ្ឍន៍ជំនាញសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅតាម ភូមិ ឃុំ/សង្កាត់គោលដៅរបស់គម្រោង។
កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៥រួមមាន៖(១)វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅ អនុវត្តបន្តរបស់ការិយាល័យសម្របសម្រួលគម្រោង (២)វឌ្ឍនភាពសកម្មភាពសមាសភាគ១របស់រដ្ឋបាលខេត្តសៀមរាប (៣)វឌ្ឍនភាពសមាសភាគ២របស់រដ្ឋបាលរាជធានីភ្នំពេញ (៤)វឌ្ឍនភាពរបស់គម្រោងលាភ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៥)កិច្ចពិភាក្សាដែលបានផ្តោតសំខាន់លើការគ្រប់គ្រងហិរញ្ញវត្ថុ ការអនុវត្ត និងការគ្រប់គ្រងកិច្ចសន្យាអនុគម្រោងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងប្រព័ន្ធតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ។
ក្នុងបទបង្ហាញស្តីពីវឌ្ឍនភាពការងារអនុវត្តគម្រោងលាភខេត្តសៀមរាប ឯកឧត្តម លី សំរិទ្ធ បានជំរាបជូនអង្គប្រជុំស្តីថា គម្រោងបានកំពុងដើរលើផ្លូវត្រូវស្របតាមគោលដៅគម្រោង ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ គម្រោងបានបង្កើតក្រុមជួយខ្លួនឯង សកម្មភាពលើកកម្ពស់ការអភិវឌ្ឍន៍ជំនាញ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅមូលដ្ឋានគោលដៅគម្រោង។ ចំពោះសមិទ្ធផលពាក់ព័ន្ធសកម្មភាពជួយខ្លួនឯង ឯកឧត្តម លីសំរិទ្ធ បានឱ្យដឹងថាគម្រោងសម្រេចបានប្រហែល៣៣.៦% និងមានថវិកាប្រហែល៤០% ធៀបនឹងផែនការ។ ចំពោះវឌ្ឍនភាពផែនការអភិវឌ្ឍន៍ជំនាញវិញ ឯកឧត្តម សំរិទ្ធ បានបង្ហាញពីសុទិដ្ឋិនិយមនៃដំណើរការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់យុវជនដែលត្រូវបានជ្រើសរើស និងកំពុងផ្សព្វផ្សាយជ្រើរើសឱ្យចូលរៀនវគ្កសិក្សារយៈពេលខ្លី និងរយៈពេលវែងនៅតាមវិទ្យាស្ថានដៃគូមួយចំនួននៅខេត្តសៀមរាប។ ជាក់ស្តែងរហូតមកដល់ពេលនេះ មានសិស្សចំនួន១៥នាក់បានកំពុងសិក្សាលើជំនាញ អគ្គីសនី ម៉ាស៊ីនត្រជាក់ និងកាន់ដែរ និងនៅឆមាសបន្ទាប់ក្រុមការងារកំពុងដំណើរការចចារ និងចុះកិច្ចសន្យាជាមួយវិទ្យាស្ថានចំនួន០៤រួមមាន វិទ្យាស្ថានអង្ករ វិទ្យាស្ថានតេជោ អង្កការអេប៉ក់ និងសមាគមជីវិត និងក្តីសង្ឍឹម។ ដោយឡែកការអនុវត្តន៍អនុគម្រោងហេដ្ឋរចនាសម្ព័ន្ធវិញ គម្រោងលាភខេត្តសៀមរាបបានរៀបចំកិច្ចលទ្ឋកម្ម និងចុះកិច្ចសន្យាអនុគម្រោងហេដ្ឋារចនាសម្ព័ន្ឋបានចំនួន១៣ អនុគម្រោង និងកិច្ចសន្យាចំនួន១៣ ដែលបានកំពុងអនុវត្តក្នុងនោះមានកិច្ចសន្យាចំនួន០៥ អនុវត្តចប់១០០% និង៨កិច្ចសន្យាទៀតបានអនុវត្តប្រហែល ៤០% ហើយ។
សម្រាប់សមាសភាគទី២ លោក នៅ វ៉ាត តំណាង ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគម្រោងលាភរាជធានីភ្នំពេញ បានជំរាបជូនអង្គប្រជុំពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍ជំនាញ និងលើកកម្ពស់សេវាមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ក្រីក្រនៅក្នុងទីក្រុង ព្រមទាំងបញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត។ លោកនៅ វ៉ាត បានឱ្យដឹងថាគម្រោងលាភសាលាក្រុងភ្នំពេញបានអនុវត្តន៍ផែនការអភិវឌ្ឍន៍ជំនាញតាមរយៈសកម្មភាពបង្កើនការយល់ដឹងបន្ថែមពីជំនាញចាំបាច់ ដំណើរការជ្រើសរើសសិក្ខាកាម ការងារតម្រង់ទិស និងការបណ្តុះបណ្តាលជំនាញទន់ និងការធ្វើផែនការកម្មវិធីផ្តល់សក្ខីបត្របន្ទាប់ពីបញ្ចប់ការសិក្សាជំនាញ សកម្មភាពគាំទ្រសិក្ខាកាមក្នុងការស្វែងរកការងារធ្វើ និងចុះកិច្ចព្រមព្រៀងជាមួយអង្គភាពផ្តល់សេវាបណ្តុះបណ្តាល។ល។ លោក វ៉ាត បានឱ្យដឹងទៀតថា បច្ចុប្បន្នគម្រោងលាភរាជធានីភ្នំពេញបានទទួលពាក្យស្នើសុំចំនួន១៤១រូប (ស្រី៦៩រូប) មកពីគ្រួសារមានប័ណ្ណក្រ១និងក្រ២ និងគ្មានប័ណ្ណក្រីក្រ។ ក្នុងជំហានទី១ គម្រោងបានសម្រេចជ្រើសរើសសិក្ខាកាមចំនួន១៥នាក់ឱ្យចូលរៀនតាមជំនាញដែលពូកគាត់ពេញចិត្តក្នុងនោះមានជំនាញសាឡន និងអាពាហ៍ពិពាហ៍ ជួសជុលម៉ូតូ និងរថយន្ត ចំអិនអាហារនិងឆុងកាហ្វេ អគ្គីសនី ជួសជុលទូរស័ព្ទ និងវិទ្យាសាស្រ្តអុបទិចនៅតាមវិទ្យាស្ថានដៃគូនៅរាជធានិភ្នំពេញ។ ពាក់ព័ន្ធសកម្មភាពលើកកម្ពស់សេវាមូលដ្ឋាន និងហេដ្ឋារចនសម្ព័ន្ធនៅក្នុងទីក្រុងវិញ លោក វ៉ាត បានឱ្យដឹងថា អនុគម្រោងផ្លូវបេតុងអាមេចំនួន៥បាននឹងកំពុងអនុវត្តនៅឆ្នាំ២០១៩នេះ នៅសង្កាត់ចំនួន៧នៅរាជធានីភ្នំពេញរួមមាន ដង្កោរ គោករការ ចោមចៅ២ ព្រៃវេង ច្បារអំពៅ២ ត្រពាំងក្រសាំ និងបឹងកក១។ សម្រាប់ឆ្នាំ២០២០ គម្រោងសាលារាជធានីបាននឹងកំពុងបន្តចាត់អាទិភាពសម្រាប់អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយបានសិក្សាលម្អិតលើផលប៉ះពាល់បរិស្ថាន និងលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវមុនពេលដំណើរការអនុវត្ត។
លោកស្រី ញ៉ក់ តំណាងក្រសួងកសិកម្ម បានចាប់ផ្តើមបទបង្ហាញដែលជាបទបង្ហាញចុងក្រោយនៃកិច្ចប្រជុំនេះ ដោយបានលើកយកពីសមិទ្ធផលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានក្រោមគម្រោងលាភ ដោយបានបញ្ជាក់ថាផែនការបង្កើន និងពង្រឹងសមត្ថភាពជាសកម្មភាពអាទិភាពដែលក្រុមការងារគម្រោងលាភនៃក្រសួងកសិកម្ម បានអនុវត្តសំដៅគាំទ្រក្រុមជួយខ្លួនឯងក្នុងការកសាងសមត្ថភាព តាមរយៈការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចំនួន៣លើកស្តីពី ការចិញ្ចឹមមាន់ស្រុក បច្ចេកទេសសួនដំណាំលក្ខណៈគ្រួសារ និងផលិតកម្មដំណាំស្រូវដល់ក្រុមពេទ្យសត្វឃុំ (CAHEWS) ចំនួន២៥នាក់ ក្នុងនោះស្រី្តចំនួន៦នាក់។ រៀបចំប្រមូលចងក្រងក្រុមអ្នកផលិតចំនួន២៧២នាក់ ក្នុងនោះមានស្រ្តីចំនួន២៥៥នាក់ ដែលជាកសិករ និងមានការចាប់អារម្មណ៍ចូលរួមក្នុងក្រុមដាំបន្លែ ក្រុមចិញ្ចឹមជ្រូក និងក្រុមចិញ្ចឹមមាន់។ លោកស្រីបានបន្តទៀតថា នៅឆ្នាំ២០២០ ក្រុមការងារនឹងធ្វើការជ្រើសរើសកសិករគំរូ ដែលទទួលបានជោគជ័យក្នុងការចិញ្ចឹមសត្វ និងដាំបន្លែ និងណែនាំដល់ក្រុមដទៃទៀតឱ្យរៀនសូត្រ និងទទួលយកបទពិសោធន៍ដើម្បីបន្តអនុវត្តសកម្មភាពកសិកម្មរបស់ខ្លួន ព្រមទាំងស្វែងរកទីផ្សារសម្រាល់ផលិតផលកសិកម្ម ដើម្បីជួយពួកគាត់ឱ្យទទួលបានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារឱ្យមានជីវភាពប្រសើរឡើង។
ក្នុងពេលបិទអង្គប្រជុំ ឯកឧត្តម ប្រាក់ សំអឿន បានថ្លែងអំណរគុណដល់ភ្នាក់ងារអនុវត្តគម្រោងទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនទទួលបានជោគជ័យ។ ជាក់ស្តែងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ គម្រោងលាភទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សម្រេចបានវឌ្ឍនភាពល្អ គិតជាភាគរយប្រហែល៤៨%ស្ទើរគ្រប់ផ្នែកទាំងអស់របស់គម្រោង។ ពាក់ព័ន្ធសកម្មភាពអភិវឌ្ឍន៍ជំនាញ និងសេវាសង្គម និងហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម បានលើកទឹកចិត្តឱ្យភ្នាក់ងារថ្នាក់ក្រោមជាតិជាអ្នកដើតួរនាទីសំខាន់ និងដឹកនាំការងារនេះ ដោយមានការចូលរួមពីអជ្ញារធរមូលដ្ឋានផង ជាពិសេសមេឃុំ និងចៅហ្វាយស្រុក ពីព្រោះពួកគាត់បានកំពុងធ្វើការងារជាមួយប្រជាជននៅមូលដ្ឋានដោយផ្ទាល់ ឧទាហរណ៍ការចូលរួមក្នុងសកម្មភាពបង្កើតក្រុមជួយខ្លួនឯង និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ល។
ពាក់ព័ន្ធសុវត្ថភាពសង្គម ឯកឧត្តមប្រធានអង្គប្រជុំបានសំណូមពរឱ្យអង្គភាពទាំងអស់របស់គម្រោងលាភ ពង្រឹងការយកចិត្តទុកដាក់ពីសុវត្ថិភាពសង្គម និងបរិស្ថានមុនពេល និងក្រោយពេលកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ធ្វើយ៉ាងណាខិតខំពន្យល់ឱ្យប្រជាជនបានយល់ដឹងពីផលប៉ះពាល់និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានដែលគាត់កំពុងរស់នៅ។ ដើម្បីប្រសិទ្ធភាពការងារ និងលទ្ធភាពដោះស្រាយបញ្ហា បានទាន់ពេលវេលា ឯកឧត្តម បានសំណូមពរឱ្យមានកិច្ចប្រជុំនៅថ្នាក់ក្រោមជាតិ ជាពិសេសការជួបជាមួយក្រុមការងារសម្របសម្រួលឃុំ និងស្រុក ឱ្យបានទៀតទាត់រៀងរាល់មួយខែម្តង ដើម្បីប្រមូលរាល់បញ្ហាទាំងអស់មកដោះស្រាយ។ មុននឹងបញ្ចប់កិច្ចប្រជុំនេះដែរ ឯកឧត្តម បានជូនពរដល់ក្រុមការងារទាំងអស់សម្រេចកិច្ចការបានជោគជ័យបន្ថែមទៀត និងសូមធ្វើដំណើរដោយសុវត្ថភាពសម្រាប់ការវិលត្រឡប់ទៅកាន់មូលដ្ឋានវិញ។ កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសស្និតស្នាល និងរាក់ទាក់បំផុត។
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...