កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មលើកទី៦ របស់ធនាគារពិភពលោកសម្រាប់គាំទ្រការអនុវត្តគម្រោងលើកកម្ពស់ជីវភាប្រជាជនក្រីក្រ
១២ ១០, ២០១៩ ០៩:៥៩:៥៧ ព្រឹក
ព្រឹកថ្ងៃព្រហស្បតិ៍ទី ០៥ ខែធ្នូ ឆ្នាំ២០១៩ នៅការិយាល័យសម្របសម្រួលគម្រោងលើកកម្ពស់ជីវភាព ប្រជាជនក្រីក្រ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មលើកទី៦ របស់ធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងលាភ និងមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជានាយកគម្រោងលាភនៃក្រសួងមហាផ្ទៃ លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងលាភថ្នាក់ជាតិ លោក Erik C. Johnson ប្រធានក្រុមការងារគម្រោងលាភ រួមជាមួយមន្ត្រីបច្ចេកទេសរបស់ធនាគារពិភពលោក បណ្ឌិត ម៉ៅ មីនា ប្រធានគ្រប់គ្រងគម្រោងលាភ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកគម្រោងលាភ តំណាងអភិបាលរងរាជធានីភ្នំពេញ និងជានាយកគម្រោងលាភសាលារាជធានីភ្នំពេញ និងមន្រ្តី ទីប្រឹក្សាគម្រោងចំនួន ៤៨នាក់។
កិច្ចប្រជុំមានគោលបំណងបូកសរុបលទ្ធផលដែលក្រុមការងារបេសកកម្មលើកទី៦ បានរកឃើញក្នុងពេលចុះជួបជាមួយភ្នាក់ងារអនុវត្តគម្រោង និងជួបជាមួយអ្នកទទួលផលទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ជាពិសេសលទ្ធផលដែលសម្រេចបានក្រោមសមាសភាគទាំងបីរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ការអភិវឌ្ឍជំនាញ ការបង្កើត និងការគ្រប់គ្រងក្រុមសន្សំ។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរពីបញ្ហាប្រឈម និងឱកាសសម្រាប់ការងារពង្រឹងយន្នការអនុវត្តគម្រោង ធ្វើយ៉ាងណាឱ្យការងារអនុវត្តប្រព្រឹត្តទៅបានរលូន និងសម្រេចបានតាមផែនការដែលបានគ្រោងទុក។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ងី ច័ន្រ្ទផល បានសង្កត់ធ្ងន់លើយន្នការបើកចំហរទីផ្សារការងារសម្រាប់យុវជន ឬអ្នកទទួលផលគម្រោងមកពីគ្រួសារក្រីក្រ ដែលមាននៅក្នុងសមាសភាគទី១ របស់គម្រោងលាភ។ សមាសភាគនេះបានផ្តោតសំខាន់លើសកម្មភាពបណ្តុះបណ្តាលជំនាញដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ដែលជាគោលដៅចុងក្រោយ ធ្វើយ៉ាងណាជួយឱ្យពួកគាត់ទទួលបានការងារធ្វើក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលរួចមក។ ដើម្បីសម្រេចបានគោលដៅនេះ ឯកឧត្តម បានស្នើរឱ្យក្រុមការងារគម្រោងពិនិត្យមើលលក្ខ័ណ្ឌចាំបាច់មួយចំនួន ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញដែលមានទីផ្សារការងារសម្រាប់ពួកគេ។ ជាមួយគ្នានេះដែរ ក្នុងក្របខ័ណ្ឌអនុវត្តគម្រោង ឯកឧត្តម បានជំរាបអង្គប្រជុំពីកម្មវិធីវាយតម្លៃការអនុវត្តគម្រោងនៅពាក់កណ្តាលអណត្តិ ដែលគ្រោងនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២០ នាពេលខាងមុខ។ ក្រុមការងារទាំងអស់តម្រូវឱ្យពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនូវផ្នែកពាក់ព័ន្ធនានា ដោយឈរលើបទពិសោធន៍ ការប្រឈមដែលយើងបានជួបប្រទះ និងពិភាក្សាលទ្ធផលសម្រេចបាននៅតាមមូលដ្ឋានគោលដៅទាំងពីររបស់គម្រោង(ភ្នំពេញ និងសៀមរាប) ដោយជម្រុញឱ្យមានការសម្រេចចិត្តធ្វើ សកម្មភាព ផ្អែកលើបទពិសោធន៍ និងដាក់ចេញវិធានការចាំបាច់ ក៏ដូចជាផលប៉ះពាល់សំខាន់ក្រោមកិច្ចអន្តរាគមន៍របស់គម្រោង។ ឯកឧត្តម បានបន្ថែមទៀតថា ការវាយតម្លៃពាក់កណ្តាលអណត្តិនេះ មានចរិកជាយុទ្ធសាស្រ្ត ជាយន្នការរៀបចំបង្កើតថ្មី ជាជាងគ្រាន់តែធ្វើឡើងដើម្បីតែតាមដាន ឬអង្កេតពីវឌ្ឍនភាពគម្រោង ពោលគឺជាយន្នការមានគោលដៅកែលម្អប្រសិទ្ធភាពការងារឱ្យបានប្រសើរជាងមុន។ ឯកឧត្តម បានសំណូមពរឱ្យថ្នាក់ដឹកនាំ និងក្រុមការងារពិភាក្សាឱ្យបានស៊ីជម្រៅ និងសិក្សាឱ្យបានច្បាស់លាស់ពីតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ដោយពិចារណារកំណត់គោលដៅស្ថាប័នបណ្តុះបណ្តាលឱ្យបានយ៉ាងហោចណាស់ចំនួន៥បន្ថែមទៀតនៅឆ្នាំខាងមុខ។
នៅក្នុងរបាយការណ៍បេសកកម្មលើកទី៦របស់ធនាគារពិភពលោកបានឱ្យដឹងថា នៅឆ្នាំ២០១៩នេះ គម្រោងសម្រេចបានលទ្ធផលគួរឱ្យគត់សម្គាល់ច្រើនបើប្រៀបទៅនឹងឆ្នាំ២០១៨។ ជាមួយគ្នានេះដែរ ដើម្បីត្រៀមលក្ខណៈសម្រាប់បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលអណត្តិ ដែលគ្រោងធ្វើឡើងនៅកញ្ញា ឆ្នាំ២០២០ កិច្ចប្រជុំបានសំណូមពរឱ្យក្រុមការងារពន្លឿនកិច្ចការដែលនៅសេសសល់ ដូចជាការរៀបចំចងក្រងទិន្នន័យគម្រោង ការពិចារណារបង្កើតក្រុមជួយខ្លួនឯងក្នុងចំណោមប្រជាជនងាយរងគ្រោះ ដែលមិនមានប័ណ្ណក្រីក្រ និងកម្មវិធីបណ្តុះបណ្តាលកសិកម្មជាដើម ។ល។
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...