សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម លី សំរិទ្ធ អភិបាលរងទទួលបន្ទុកគម្រោងថ្នាក់ខេត្ត សៀមរាប
១១ ០៦, ២០១៩ ១៥:៤៣:៥១ ល្ងាច
សុន្ទរកថាស្វាគមន៍របស់ឯកឧត្តម លី សំរិទ្ធ អភិបាលរងទទួលបន្ទុកគម្រោងថ្នាក់ខេត្តថ្លែងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ខេត្តសៀមរាប ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩សណ្ឋាគារ អប្សរាអង្គរ។
សូមគោរព
– ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការតម្រង់ទិស ជាទីគោរពដ៏ខ្ពង់ខ្ពស់!
– ឯកឧត្តម តន់ វ៉ាន់ ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម
ជាទីគោរពដ៏ខ្ពង់ខ្ពស់!
– ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយក
គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ជាទីគោរព !
– លោក Erik Caldwell Johnson មន្រ្តីជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សង្គម ប្រធានដឹកនាំ
ការងាររបស់ធនាគារពិភពលោក និង ក្រុមការងារអមដំណើរ ជាទីគោរព!
– លោក ហេង សុផាត ប្រធានគម្រោងលាភថ្នាក់ជាតិ!
– លោក ម៉ៅ មីនា ប្រធានគម្រោងលាភ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ!
– លោក លោកស្រី ទីប្រឹក្សា និងក្រុមការងារគម្រោងក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលារាជធានីភ្នំពេញ សាលាខេត្តសៀមរាប ទាំងអស់
ជាទីមេត្រី!
ថ្ងៃនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ដ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្ដីសោមនស្សរីករាយក្រៃលែងដោយបានចូលរួមជាមួយឯកឧត្ដម អស់លោក លោកស្រី ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ ដ៏មានសារៈសំខាន់នាពេលនេះ។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះដែរ ខ្ញុំសូមថ្លែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការទម្រង់ទិស ឯកឧត្តម គណៈអធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ នេះ ព្រមទាំងសូមថ្លែងអំណគុណចំពោះវត្តមានឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំធនាគារពិភពលោក លោក លោកស្រី ទីប្រឹក្សា ក្រុមការងារក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលារាជធានីភ្នំពេញ សាលាខេត្តសៀមរាប ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្ងៃនេះ ។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកិច្ចសហការដ៏ល្អពីដៃគូរអភិវឌ្ឍន៍ ជាពិសេសធនាគារពិភពលោក (World Bank) ដែលបានចូលរួមឧបត្ថម្ភគាំទ្រទំាងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស តាមរយៈក្រសួងមហាផ្ទៃ សម្រាប់ដំណើរការគម្រោងនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណក្រីក្រ ក្រ១ ក្រ២ និងជនងាយរងគ្រោះឲ្យមានជីវភាពល្អប្រសើរ។
– ឯកឧត្ដម លោក លោកស្រី ជាទីគោរពរាប់អាន!
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចក្ខុវិស័យ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីបន្តពង្រឹងយន្តកានានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ ដោយអាចធានាបាននូវកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ព្រមជាមួយនឹងភាពស័ក្តិសិទ្ធ នៃសេវាសាធារណៈ។ ដើម្បីធានាឲ្យគោលនយោបាយ និងយុទ្ធសាស្រ្តខាងលើទទួលបានជោគជ័យ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកទទួលខុសត្រូវសម្រាប់អនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល តាមរយៈច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅនេះ រដ្ឋបាលខេត្តបានគ្រប់គ្រង ដឹកនាំ ចាត់ចែង និងសម្របសម្រួលយន្តការ ដែលមានលក្ខណៈជាពហុវិស័យឲ្យប្រព្រឹត្តទៅស៊ីសង្វាក់ប្រទាក់ក្រឡា រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនលើវិស័យកំណែទម្រង់នានា ធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវអត្ថប្រយោជន៍ប្រកបដោយសមធម៌លើការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ច សង្គម មានជាអាទិ៍ៈ សន្តិសុខ សណ្តាប់ធ្នាប់ ការលើកកម្ពស់អនាម័យ បរិស្ថាន ការកែលម្អសោភ័ណភាពក្រុង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ព្រមទាំងសមិទ្ធផលផ្សេងៗទៀតជាច្រើន ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ស្របពេលដែលខេត្តសៀមរាបកំពុងអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រីក្រតាមមូលដ្ឋាន យើងក៏ទទួលបាននូវគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) ដើម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងសម្រួលការលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំគោលដៅរបស់គម្រោង តាមរយៈការផ្តល់ទុនឧបត្ថម្ភ និងចំណេះដឹង ជំនាញនានាលើវិស័យកសិកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដែលទាំងនេះគឺជាការរួមចំណែកដ៏ធំមួយក្នុងការបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ខ្ញុំក៏សូមអរគុណចំពោះថ្នាក់ដឹកនាំគម្រោង ក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួបរួម សហការ ទាំងកម្លាំងកាយ ចិត្ត បំពេញបេសកកម្មរបស់ខ្លួន ដើម្បីទិសដៅរួមមួយគឺជួយប្រជាពលរដ្ឋក្រីក្រទាំងអស់គ្នា ហើយកិច្ចប្រជុំថ្ងៃនេះ ក៏ជាយន្តការត្រួតពិនិត្យតាមដាន ដោះស្រាយនៅចំណុចប្រឈមនានាដែលបានកើតឡើងក្នុងពេលអនុវត្តកន្លែងមក និងពិនិត្យរៀបចំយុទ្ធសាស្រ្តដើម្បីត្រៀមបង្កា ទប់ទល់ចំពោះបញ្ហាផ្សេងៗដែលនឹងកើតមានឡើងក្នុងឆ្នាំបន្តបន្ទាប់ទៀត។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម គណៈអធិបតី ឯកឧត្តម អស់លោក លោកស្រី ទាំងអស់ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ ថ្ងៃនេះ និង សូមឲ្យការស្នាក់នៅ និងការបំពេញបេសកកម្មទទួលបានសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជ័យ ជូនឯកឧត្ដម អស់លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ សូម ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ !
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...