កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី២ ស្តីពី វឌ្ឍនភាពការងារ និងពិនិត្យអនុម័តលើផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២០ របស់គម្រោងលើកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ)
១១ ០៦, ២០១៩ ១៤:៣៤:១៤ ល្ងាច
ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ គម្រោងលើកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី២ ស្តីពីវឌ្ឍនភាពការងារ និងពិនិត្យអនុម័តលើផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានសម្របសម្រួលគម្រោង និងជាប្រធានគណៈកម្មាធិការតម្រង់ទិសអនុវត្តគម្រោងលាភ ឯកឧត្តម ប្រាក់ សំអឿន នាយកគម្រោងលាភ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ហេង សុផាត ប្រធានគម្រោងលាភថ្នាក់ជាតិ លោក លី សំរិទ្ធ អភិបាលរងខេត្ត ទទួលបន្ទុកគម្រោងថ្នាក់ខេត្ត បណ្ឌិត ម៉ៅ មីនា ប្រធានគម្រោងលាភនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី លោក លោកស្រី ទីប្រឹក្សា ក្រុមការងារគម្រោងក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលារាជធានីភ្នំពេញ និងក្រុមការងារគម្រោងថ្នាក់ខេត្ត។
ក្នុងមតិស្វាគមន៍របស់លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបទទួលបន្ទុកគម្រោងថ្នាក់ខេត្តមានប្រសាសន៍ថា ខេត្តសៀមរាបកំពុងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រីក្រតាមមូលដ្ឋាន យើងក៏ទទួលបាននូវគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) ដើម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងសម្រួលការលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំ សង្កាត់គោលដៅបេស់គម្រោង តាមរយៈការផ្តល់ទុនឧបត្ថម្ភ និងចំណេះដឹង ជំនាញនានាលើវិស័យកសិកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដែលទាំងនេះគឺជាការរួមចំណែកដ៏ធំមួយក្នុងការបន្ថយភាពក្រីក្របស់ប្រជាពលរដ្ឋ។
លោកបានថ្លែងអរគុណចំពោះថ្នាក់ដឹកនាំគម្រោង ក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួបរួមសហការទាំងកម្លាំងកាយចិត្ត បំពេញបេសកកម្មរបស់ខ្លួន ដើម្បីទិសដៅរួមមួយគឺជួយប្រជាពលរដ្ឋក្រីក្រទាំងអស់គ្នា ហើយកិច្ចប្រជុំនាពេលនេះ ជាយន្តការត្រួតពិនិត្យតាមដាន ដោះស្រាយនូវចំណុចប្រឈមនានា ដែលបានកើតឡើងក្នុងពេលអនុវត្តន៍កន្លងមក និងពិនិត្យរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមបង្កា ទប់ទល់ចំពោះបញ្ហាផ្សេងៗដែលនឹងកើតមានឡើងក្នុងឆ្នាំបន្តបន្ទាប់ទៀត។
បន្ទាប់ពីកិច្ចស្វាគមន៍រួចមក លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងលាភថ្នាក់ជាតិ ក៏បានធ្វើបទបង្ហាញអំពីលទ្ធផលការងារ ដែលក្រុមការងារបានចុះពិនិត្យ និងបានសួរនាំសិក្ខាកាមនៅសាលាបច្ចេកវិទ្យា ក្រុមជួយខ្លួនឯង តាមឃុំ សង្កាត់ គោលដៅរបស់គម្រោង ព្រមទាំងបានពិនិត្យការកសាងលូជ្រុង ដែលអាចស្រោចស្រពស្រូវវស្សា និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋប្រមាណ ៧៥០ហិកតា។
ថ្លែងសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងលាភ មានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញពីវឌ្ឍនភាពសមិទ្ធផលសំខាន់ៗ ដែលគម្រោងសម្រេចបាននាពេលកន្លងមក តាមរយៈចុះពិនិត្យផ្ទាល់ដល់មូលដ្ឋាននទីតាំងគម្រោង បញ្ហាប្រឈម ដំណោះស្រាយ ការពិនិត្យអនុម័តលើផែនការសកម្មភាពថវិកាឆ្នាំ២០២០ របស់ភ្នាក់ងារអនុវត្តន៍គម្រោងជូនដល់សមាជិគណៈកម្មាធិការតម្រង់ទិសរបស់គម្រោង ដើម្បីទទួលបានការណែនាំ អនុសាសន៍ និងជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តឱ្យកាន់តែប្រសើរឡើង និងសម្រេចបាននូវគោលដៅរបស់គម្រោង។
ឯកឧត្តម មានប្រសាសន៍ថា គម្រោងលើកកំពស់ជីវភាពប្រជាជនក្រីក្រ(លាភ) បានរៀបចំតាក់តែងឡើងដោយឈរលើគោលការណ៍ មិនផ្តល់ត្រីឱ្យហូប តែជួយផ្តល់លទ្ធភាពឱ្យប្រជាជនក្រីក្រចេះធ្វើឧបករណ៍ចាប់ត្រីដោយខ្លួនឯង។ ជាមួយគ្នានោះ ឯកឧត្តម ងី ច័ន្ទ្រផល បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកិច្ចសហការដ៏ល្អពីដៃគូអភិវឌ្ឍន៍ ជាពិសេសធនាគារពិភពលោក (World Bank) ដែលបានចូលរួមឧបត្ថម្ភគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស តាមរយៈក្រសួងមហាផ្ទៃ សម្រាប់ដំណើរការគម្រោងនេះដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ (ក្រ១និងក្រ២) និងជនងាយរងគ្រោះឲ្យមានជីវភាពល្អប្រសើរ។
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចក្ខុវិស័យ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីបន្តពង្រឹងយន្តកានានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ ដោយអាចធានាបាននូវកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ព្រមជាមួយនឹងភាពស័ក្តិសិទ្ធនៃសេវាសាធារណៈ។ ឯកឧត្តម ងី ច័ន្ទ្រផល បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវរក្សាសាមគ្គី សហការល្អ ដើម្បីធានាប្រសិទ្ធភាពការងារ និងសម្រេចបានេជោគជ័យសំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនក្រីក្រគោលដៅរបស់គម្រោង។
សូមបញ្ជាក់ថា គម្រោងលើកកម្ពស់ជីវភាពប្រជាក្រីក្រ(លាភ) ត្រូវបានដាក់ឱ្យដំណើរការអនុវត្តន៍នៅឆ្នាំ២០១៧។ គម្រោងនេះជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀត ដែលមានគោលបំណងពង្រឹងអំណាចសហគមន៍ និងលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្រីក្រ និងក្រុមងាយរងគ្រោះក្នុងការធ្វើសកម្មភាពអភិវឌ្ឍន៍
សហគមន៍របស់ពួកគេឱ្យទទួលបានសេវាហិរញ្ញវត្ថុនិងឱកាសបង្កើតប្រាក់ចំណូលបានប្រសើរជាងមុន។
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...