ការិយាល័យសម្របសម្រួលគម្រោងលាភនៃក្រសួងមហាផ្ទៃបានណែនាំសិក្ខាកាមចំនួន ២៥០ នាក់ (ស្ត្រី ៥៤ នាក់) ឱ្យប្រើប្រាស់ឯកសារ PIM និងCOM ឱ្យមានប្រសិទ្ធភាពក្នុងសកម្មភាពអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ)
៧ ០៤, ២០១៩ ១៦:៥១:២៥ ល្ងាច
សាលាខេត្តសៀមរាប៖ ការិយាល័យសម្របសម្រួលគម្រោងលាភនៃក្រសួងមហាផ្ទៃបានរៀបចំសិក្ខាសាលាតម្រង់ទិសគម្រោងលាភ និងការប្រើប្រាស់សៀវភៅណែនាំស្តីពីនិតិវិធីអនុវត្តគម្រោង និងសៀវភៅណែនាំស្តីពីប្រតិបត្តិការសហគមន៍ (PIM/COM) រយៈពេលពីរថ្ងៃនៅថ្ងៃពុធ ទី០៤ ដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប។ គម្រោងលាភទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោកសម្រាប់អនុវត្តគម្រោងរយៈពេល៥ឆ្នាំ (២០១៧ – ២០២២) បានកំពុងធ្វើសកម្មភាពជួយប្រជាជនក្រីក្រនៅទីក្រុង និងជនបទដើម្បីទទួលបានសេវាហិរញ្ញវត្ថុ និងឱកាសបានប្រសើរជាងមុនក្នុងការបង្កើនប្រាក់ចំណូល និងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចក្នុងឃុំចំនួន៤៧ នៅខេត្តសៀមរាប និងសង្កាត់ចំនួន១៣ នៅរាជធានីភ្នំពេញ។ សិក្ខាសាលារយៈពេលពីរថ្ងៃនេះ មានគោលបំណងណែនាំបុគ្គលិក និងគណៈគ្រប់គ្រងគម្រោងថ្នាក់ក្រោមជាតិរួមមានអ្នកសម្របសម្រួលស្រុក ឃុំ ភូមិ ក្រុមការងារពេទ្យសត្វឃុំ បានយល់ដឹងពីកម្មវិធីអនុវត្ត និងវិធីសាស្រ្តនានាដូចមាននៅក្នុងសៀវភៅ PIM និង COM ស្រាប់។
សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួល គម្រោងលាភ និងមានការអញ្ជើញចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងថ្នាក់ជាតិ ព្រមជាមួយការអញ្ជើញចូលរួមរបស់សិក្ខាកាមទាំងអស់ប្រហែល២៥០ នាក់ ជាមន្រ្តី និងទីប្រឹក្សាគម្រោងមកពីភ្នាក់ងារអនុវត្តគម្រោង លោកនាយករដ្ឋបាល ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក គោលដៅគម្រោង តំណាងធនាគារពិភពលោក មន្រ្តីគម្រោងមកពីរាជធានីភ្នំពេញ លោកមេឃុំ ចៅសង្កាត់ និងអ្នក ពាក់ព័ន្ធ សរុបចំនួន ២៥០ នាក់ (ស្រ្តី ៥៤នាក់)ដែលបានចូលរួម។
មានមតិស្វាគមន៍ដល់អង្គសិក្ខាសាលា លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានមានប្រសាសន៍ថាគម្រោងលាភ ដែលបានអនុវត្តនៅក្នុងខេត្តសៀមរាប បានគាំទ្រគោលដៅយុទ្ធសាស្រ្តរបស់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការពង្រឹងការអនុវត្តអគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលដែលមាននៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
មានប្រសាន៍ក្នុងពីបើកអង្គសិក្ខាសាលា ឯកឧត្តម ងី ច័ន្រ្ទផល បានជម្រាបជូនអ្នកចូលរួមថា គម្រោងលាភត្រូវបានបង្កើតឡើងប្រកប ដោយចក្ខុវិស័យច្បាស់លាស់ និងមានគោលដៅកសាងទុនសង្គម និងផ្តល់ឱកាសចូលរួមបញ្ចេញមតិ និងកាលានុវត្តភាពដល់ប្រជាជនក្រីក្រ ដើម្បីរៀបចំផែនការ និងចាត់ចែង ដឹកនាំជីវភាពរស់នៅដោយខ្លួនឯង។ ឯកឧត្តមបានបន្ថែមទៀតថា ឈរលើបទពិសោធន៍ និងនិន្នាការឈានឡើងនៃការវិវត្តន៍នៃស្ថានភាពសង្គម សេដ្ឋកិច្ចនៅកម្ពុជា ក្រៅពីការផលិតសម្រាប់គ្រាន់តែហូបចុក ធានាសន្តិសុខស្បៀង មកជាការផលិតដើម្បីបម្រើតម្រូវការទីផ្សារ និងសេដ្ឋកិច្ចវិញ។ គម្រោងលាភបានរៀបចំតាក់តែងឡើងដោយឈរលើគោលការណ៍“មិនផ្តល់ត្រីហូបទេ តែជួយផ្តល់លទ្ឋភាពប្រជាជនក្រីក្រ ឱ្យចេះធ្វើឧបករណ៍ចាប់ត្រីដោយខ្លួនឯង”ដោយទី១) បង្កើតនិងពង្រឹងស្ថាប័នស្វ័យគ្រប់គ្រងរបស់សហគមន៍ជនក្រីក្រ តាមរយៈការគាំទ្រដល់ការបង្កើតក្រុមជួយខ្លួនឯង ក្រុមផលិត និង/ឬសហគមន៍កសិករ មានវិសាលភាពបម្រើទីផ្សារសេដ្ឋកិច្ច ដើម្បីបង្កលក្ខណៈដល់សមាជិកក្រុមខ្លួន ឬបុគ្គលម្នាក់ៗ មានឱកាសចូលរួមចំណែកក្នុងសកម្មភាពផលិតផល រកប្រាក់ចំណូល ទី២) ផ្តល់ឲ្យស្ថាប័នទាំងនោះមានឱកាស និងលទ្ធភាពទទួលបាននូវមធ្យោបាយហិរញ្ញវត្ថុ ឬឥណទានសមស្របសម្រាប់ដំណើរការសកម្មភាពមុខរបរខ្លួនឯង និងទី៣) ផ្សារភ្ជាប់ស្ថាប័នទាំងនោះទៅទីផ្សារ និងមុខរបរសំខាន់ៗ។
ឯកឧត្តម ងី ច័ន្ទ្រផល បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវរក្សាសាមគ្គីភាព ខិតខំយកចិត្តទុកដាក់បំពេញការងារតាមភារកិច្ចរបស់ខ្លួន។ ការអនុវត្តគម្រោងត្រូវគោរពតាមតាមគោលការណ៍ និងនីតិវិធីដែលមានស្រាប់ សំដៅគាំទ្ររដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង គៀងគរសមត្ថភាពជំនាញបច្ចេកទេសពីថ្នាក់រាជធានី ខេត្ត នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដល់ក្រុមការងារអនុវត្តគម្រោងនៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព។ ឯកឧត្តម បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់កិច្ចសហការដើម្បីធានាប្រសិទ្ធភាពការងារ និងសម្រេចបានជោគជ័យ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាក្រីក្រគោលដៅរបស់គម្រោង។
សៀវភៅណែនាំស្តីពីនីតិវិធីអនុវត្តគម្រោង និងសៀវភៅណែនាំស្តីពីប្រតិបត្តិការសហគមន៍ បានផ្តល់នូវគោលការណ៍មូលដ្ឋានគ្រឹះ ការពិសោធន៍ជាក់ស្តែង និងជម្រើសនានា សំដៅជួយឲ្យក្រុមការងារគ្រប់គ្រងគម្រោង ជាពិសេសអ្នកសម្របសម្រួលស្រុក ខណ្ឌ ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់នូវយុទ្ធសាស្រ្តតម្រង់ទិសមាននៅក្នុងឯកសារគោលនយោបាយដែលបានអនុមត្តិរួច ព្រមទាំងអនុសាសន៍នានា ដើម្បីសម្រេចបានកិច្ចសហការល្អ មាននិរន្តរភាពក្នុងកិច្ចបំពេញមុខងារប្រចាំថ្ងៃរបស់គម្រោង។ បើទោះបីការអនុវត្តគម្រោងមានដំណើរការល្អក្រោមការចង្អុលបង្ហាញដោយសៀវភៅទាំងពីរនេះក្តី ទម្រង់បែបបទសម្រាប់យកទៅអនុវត្ត (ដែលបច្ចុប្បន្នបានកំពុងរៀបចំចងក្រង) តែការអនុវត្តសកម្មភាពកសាងសមត្ថភាពសម្រាប់ការគ្រប់គ្រងគម្រោងនៅថ្នាក់ក្រោមជាតិគួចាំបាច់ត្រូវរៀបចំបន្ថែម។
នៅរសៀលថ្ងៃទីៗនៃអង្គសិក្ខាសាលា លោក ហេង សុផាត បានថ្លែងក្នុងពិធីបឹទអង្គសិក្ខាសាលា ដោយធ្វើបទសង្ខេបខ្លឹមសារសំខាន់ៗ ដែលអង្គសិក្ខាសាលាសម្រេចបានរយៈពេលពីរថ្ងៃ និងបានណែនាំក្រុមការងារទាំងអស់របស់គម្រោងឱ្យបន្តដោះស្រាយរាល់បញ្ហានានា ឆ្លើយតបតាមសំណូមពររបស់អង្គសិក្ខាសាលា និងបានបឹទកម្មវិធីនៅម៉ោង១២.១៥រសៀល។
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...