សិក្ខាសាលាបច្ចេកទេសស្តីពីការរៀបចំផែនការសកម្មភាព ថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការអនុវត្តគម្រោងលាភឆ្នាំ២០២០
៨ ២៩, ២០១៩ ១២:៤៧:២៩ ល្ងាចខេត្តកោះកុង៖ គម្រោងលើកកម្ពស់ជីវភាពភាពប្រជាជនក្រីក្រខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការសកម្មភាព ផែនការថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុរយៈពេលពីរថ្ងៃនៅថ្ងៃទី២២ និង២៣ ខែសីហា ឆ្នាំ២០១៩ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សិក្ខាសាលានេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងពង្រឹងការអនុវត្តសៀវភៅណែនាំស្តីពីការការគ្រប់គ្រងហិរញ្ញវត្ថុ និងគោលការណ៍ណែនាំនានា ឆ្លើយតបទៅនឹងស្មារតីនៃកិច្ចប្រជុំក្រុមការងារបេសកកម្មលើកទី៥របស់ធនាគារពិភពលោក ដែលបានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ និងតម្រូវការចាំបាច់សម្រាប់ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០។
ការរៀបចំក្រមខណ្ឌផែនការថវិកាមានគោលបំណងកំណត់ និងពិនិត្យមើលរាល់ការចំណាយនានាក្រោមគម្រោងលាភ។ ក្របខណ្ឌនេះនឹងជួយសម្រួលដល់ការវិភាគចំណាយសកម្មភាពរបស់ភ្នាក់ងារអនុវត្តគម្រោងទាំងអស់ និងជួយឱ្យអង្គភាពអនុវត្តគម្រោង និងងាយស្រួលសម្រាប់ការិយាល័យសម្របសម្រួលគម្រោងលាភធ្វើរបាយការណ៍ និងធ្វើផែនការថវិកាបានត្រឹមត្រូវ។ ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងគាំទ្រដល់កិច្ចប្រឹងប្រែងពង្រឹងការគ្របគ្រងហិរញ្ញវត្ថុគម្រោង និងការធ្វើផែនការជារួម ជាពិសេសពង្រឹងសមត្ថភាពរបស់ភ្នាក់ងារអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធក្នុងគម្រោង ដើម្បីធ្វើវិភាជ និងគ្រប់គ្រងថវិកា សំដៅអនុវត្តការងារគម្រោង ប្រកបដោយប្រសិទ្ធភាព។
សិក្ខាសាលានេះ ក៏បានយកឱកាសណែនាំពីគោលការណ៍ និងនិតិវិធីក្នុងការរៀបចំផែនការថវិកា ការរៀបចំផែនការសូចនាករឆ្នាំ២០២០ ការវិភាគហរិញ្ញវត្ថុ និងប្រតិបត្តិការចំណាយ កិច្ចលទ្ធកម្ម និងពិភាក្សាលើការអនុវត្តជំនាញ វិធីសាស្រ្តក្នុងការបង្កើតក្រុមជួយខ្លួនឯង ដែលអាចជួយគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងដល់ការអនុវត្តគម្រោង ដោយធានាថាផែនការសកម្មភាព និងថវិកាបានអនុវត្តពេញលេញ និងមានប្រសិទ្ធភាព។
សិក្ខាសាលានេះដឹកនាំដោយ លោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងលាភ អញ្ជើញចូលរួមពីលោក ខៀវ សុភា ជំនាញការហិរញ្ញវត្ថុរបស់ធនាគារពិភពលោក។ កិច្ចប្រជុំក្រុមការងារបេសកកម្មលើកទី៥ របស់ធនាគារពិភពលោក ដែលបានធ្វើឡើងនៅខេត្តសៀមរាបនៅខែមិថុនា ឆ្នាំ២០១៩ បានសំណូមពរឱ្យក្រុមការងារគម្រោងលាភពង្រឹងប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងដំណើរការធ្វើផែនកាថវិកាឱ្យបានទាន់ពេលវេលា។ ក្រុមការងារក៏បានពិភាក្សាពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងថវិការួមមាន សមត្ថភាពរៀបចំផែនការថវិកា ការគ្រប់គ្រងគណនី ការត្រួតពិនិត្យ និងវាយតម្លៃ ដែលចាំបាច់នៅគ្រប់កម្រិតប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់។
មានប្រសាសន៍នៅក្នុងពិធីបើកអង្គសិក្ខាសាលា លោក ហេង សុផាត បានលើកពីចំនុចសំខាន់នៃសៀភៅណែនាំស្តីពីការគ្របគ្រងហិរញ្ញវត្ថុ និងគោលការណ៍ណែនាំនានាថា ជាចំនុចសំខាន់ដែលបានភ្ជាប់ទំនាក់ទំនងគម្លាតជំនាញរបស់អ្នកអនុវត្តគម្រោងទៅនិងប្រតិបត្តិការហិរញ្ញប្បវត្ថុចាំបាច់ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍គម្រោង និងជាមធ្យោបាយសម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់រួមមាន ការអភិវឌ្ឍន៍ជំនាញ ហេដ្ឋារចនាសម្ព័ន្ធ កិច្ចលទ្ធកម្ម ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការរៀបចំប្រព័ន្ធហិរញ្ញវត្ថុផ្ទៃក្នុងគម្រោង។ លោកប្រធានក៏បានស្នើរសុំដល់សិក្ខាកាមទាំងអស់ឱ្យកំណត់ និងដោះស្រាយបញ្ហាឆកល្វែងក្នុងសកម្មភាពអនុវត្តនាពេលបច្ចុប្បន្ន និងស្តង់ដារសម្រាប់ការអនុវត្តនាពេលអនាគតតាមរយៈវគ្គបណ្តុះបណ្តាលនេះ អនុវត្តមតិណែនាំ និងផែនការសកម្មភាព។ ជាមួយគ្នានេះ លោកប្រធានបានលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យប្រើប្រាស់សៀភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ ឱ្យបានទាន់ពេលវេលា។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងស្របតាមកាល ក្នុងខណៈដែលការិយាល័យសម្របសម្រួលគម្រោងលាភ បានកំពុងដំណើរការរៀបចំថវិកាសម្រាប់អនុវត្តឆ្នាំ២០២០ ដែលបានណែនាំដល់គ្រប់ផ្នែកនីមួយៗត្រូវរៀបចំ និងដាក់ផែនការរបស់ខ្លួននៅត្រឹមខែវិច្ឆិការឆ្នាំ២០១៩។
សិក្ខាសាលារយៈពេលពីរថ្ងៃមានការចូលរួមយ៉ាងផុលផុសពីជំនាញការហិរញ្ញវត្ថុ បុគ្គលិកជំនាញរបស់ក្រសួងមហាផ្ទៃ (MoI) ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) សាលារាជធានីភ្នំពេញ (PPCH) និងសាលាខេត្តសៀមរាប (SRPA)។
សិក្ខាសាលាបានបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុករួមមាន លោក ខៀវ សុភា បានបង្ហាញពីចំនុចសំខាន់ស្តីពីគោលការណ៍ និងនិតិវិធីសម្រាប់រៀបចំផែនការថវិកា ការវិភាគថវិកា ការចំណាយស្របតាមកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ការចំណាយតាមខ្ទង់ចំណាយ ទស្សនទាននៃការគ្រប់គ្រងកិច្ចសន្យាហេដ្ឋារចនាសម្ព័ន្ធ បញ្ជីកិច្ចសន្យា។ លោក ធូ បញ្ញា ទីប្រឹក្សាតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងគ្រប់គ្រងគម្រោងលាភ តាមរយៈបង្ហាញបានលើកឡើងពីការរៀបចំផែនការសកម្មភាព ថវិកាតាមផ្នែកនីមួយៗ ដោយផ្តោតសំខាន់ៗលើការអភិវឌ្ឍន៍ជំនាញ ហេដ្ឋារចនាសម្ព័ន្ធ ក្រុមជួយខ្លួនឯង និងលោកស្រី តេង រតនា ទីប្រឹក្សាហិរញ្ញវត្ថុ បានធ្វើបទបង្ហាញពីទម្រង់ផែនការថវិកាឆ្នាំ២០២០។
ព័ត៌មានចុងក្រោយ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីន...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមី...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤...
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ...
នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែមីនា...