គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

ប្រសាសន៍ស្វាគមន៍របស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ប្រសាសន៍ស្វាគមន៍របស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកកាន់គេហទំព័រ គម្រោងលើកកម្ពស់​​ជីវភាពប្រជាជនក្រីក្រ (លាភ)!

ក្រសួងមហាផ្ទៃបានអនុវត្តគម្រោងលាភរយៈពេល៥ឆ្នាំ គាំទ្រហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក។ គម្រោងលាភបានប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ភ្នាក់ងារអនុវត្តគម្រោងទាំងអស់ រួមមានក្រុមការងារក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំសំណើរគម្រោង និងឯកសារពាក់ព័ន្ឋដ៏ទៃទៀត បើទោះបីជាគម្រោងនេះមានលក្ខណៈស្មុគស្មាញ ដែលមានទិសដៅសម្រេចនូវពហុបំណង ទាំងការលើកកម្ពស់ជីវភាពជាក់ស្តែង និងការចូលរួមក្នុងសកម្មភាពកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងធានាបាននិរន្តរភាពសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ ធនាគារពិភពលោកបានចូលរួមចំណែក និងផ្តល់ការគាំទ្រនៅក្នុងកិច្ចការសំខាន់ៗ​​មួយចំនួននៃកិច្ចដំណើរការកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

ជាទូទៅការរួមសហការគ្នារវាងអ្នកពាក់ព័ន្ធទាំងអស់ គឺជាមធ្យោបាយដ៏ល្អប្រសើរតែមួយគត់ ដែលអាចធ្វើឱ្យយើងមានលទ្ធភាពក្នុងការលើកកម្ពស់ការទទួលខុសត្រូវ និងពង្រឹងនូវសមត្ថភាពរបស់ខ្លួន សំដៅធានាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ គោលបំណងដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាល​ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ គឺដើម្បីបង្កើតវប្បធម៌ប្រជាធិតេយ្យ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងប្រកបដោយការ​ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។ ការចូលរួម​របស់​ប្រជាពលរដ្ឋ គឺជាសិទ្ធិ ជាកាតព្វកិច្ច ជា​ករណីរ​​​​កិច្ច ជាទុនសង្គមដ៏​សំខាន់​​មិនអាចខ្វះបាន និងជា​កត្តាលិករ​កំណត់ក្នុងការពង្រឹង​អភិបាល​កិច្ច​​​ល្អគាំទ្រដល់ដំណើរការកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ​​​នៅកម្ពុជា ដើម្បី​ឈានទៅ​សម្រេចការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីក​ចម្រើន និង​​​​លើក​កំពស់​​ជីវភាពរស់នៅរបស់​ប្រជាជន​កម្ពុជា ប្រកប​ដោយសមធម៌ និងមាននិរន្តរភាព។

បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃមានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការជម្រុញលើក​​កម្ពស់ការ​អនុវត្តន៍គ្រប់ជ្រុងជ្រោយ ក្នុងការបន្តជម្រុញដំណើរការប្រជាធិបតេយ្យ​ភាវូប​នីយ​​កម្ម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និង​សង្គម​កិច្ច ឲ្យ​ឈានឡើងឥតឈប់ឈរ នៅ​ក្នុងបរិការណ៍របស់កម្ពុជា លើមូលដ្ឋានការបន្តលើក​កម្ពស់​នីតិរដ្ឋ ការ​លើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ការ​ធានា​នូវសកម្មភាព​ដោយ​សេរីរបស់​គណបក្សនយោបាយ ការបោះឆ្នោតដោយសេរី និងយុតិ្តធម៌ ព្រមទាំងការ​លើក​កម្ពស់​សុខុមាល​ភាពសង្គម និងការកាត់បន្ថយភាពក្រីក្រ។

នៅឆ្នាំ២០១៧ កំណែទម្រង់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បាន​ឈានចូលក្នុងដំណាក់កាលកាន់តែស៊ីជម្រៅ ថែមទៀត។ រចនាសម្ព័ន្ធអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំឡើងវិញ ស្របតាមគោលការណ៍ ដែល​​បានចែងក្នុងច្បាប់រៀបចំអង្គការ។ កម្មវិធីជាតិរយៈពេល១០ឆ្នាំ និងផែនការអនុវត្តរយៈពេល៣​ឆ្នាំលើកទី២ (ផអ៣ទី២) បានបញ្ចប់នៅឆ្នាំ២០១៧ និងផែនការអនុវត្ត៣ឆ្នាំលើក​ទី៣ ចុងក្រោយនៃកម្មវិធីជាតិ១០ឆ្នាំ ត្រូវបានដាក់ឲ្យអនុវត្តបន្តនៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ការអនុវត្តន៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ក៏បានបង្ហាញនូវលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន តាមរយៈការពង្រឹងអភិបាលកិច្ចល្អ ការពង្រឹងគណនេយ្យភាពសង្គម ការកែលម្អគុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការ​ពង្រឹងភាពជាអ្នកដឹកនាំនៅមូលដ្ឋានទាំងបុរស ទាំងស្រី្ត និងការកែលម្អការផ្តល់សេវាសាធារណៈនៅមូលដ្ឋានផងដែរ។

គម្រោងលាភពិតជាមានសារៈសំខាន់ និងចូលរួមក្នុងសកម្មភាពកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល​​ជាអាទិ៍៖

ទី១- គម្រោងបាគាំទ្រការអនុវត្តយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល តាមរយៈការកំណត់យកគោលដៅរបស់ខ្លួននៅឃុំជនបទចំនួន៤៧​ របស់ខេត្តសៀមរាប និងសហគមន៍ក្រីក្រនៃសង្កាត់ចំនួន១៣ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ជីវភាពតាមរយៈ (១) បង្កើត ​និងពង្រឹងស្ថាប័នទ្រទ្រង់ជួយខ្លួនឯងរបស់សហគមន៍ជនក្រីក្រ និងងាយរងគ្រោះនៅក្នុងខេត្តសៀមរាប​ និងរាជធានីភ្នំពេញ (២) លើកកម្ពស់កែលម្អមុខរបរជំនាញ និងឱកាសការងារធ្វើ (៣) កែលម្អសេវា និងហេដ្ឋារចនាសម័ន្ឋនៅមូលដ្ឋានសម្រាប់ក្រុមជនក្រីក្រនៅជនបទ។

ទី២- ការពង្រឹងសមត្ថភាពស្ថាប័ន – ការបន្តពង្រឹងការអភិវឌ្ឍស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយទៅជាស្ថាប័នដ៏រឹងមាំ មានលទ្ធភាព និងមានការទទួលខុសត្រូវយ៉ាងពេញលេញក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តនូវមុខងារ និងធនធាននានារបស់ខ្លួនឱ្យមានប្រសិទ្ឋភាព នៅតែជាចំណុចដៅជាអាទិភាពដ៏មានសារៈសំខាន់មួយ ដែលយើងត្រូវបន្តខិតខំសម្រេចឱ្យបាន។

ទី៣​- លើកកម្ពស់ការចូលរួមក្នុងវិស័យអភិបាលកិច្ច​ – ការចូលរួមពីស្ថាប័នចំរុះក្នុងការអនុវត្តការងារ ជាមធ្យោយដ៏ប្រសើរមួយក្នុងការធានាឲ្យមានអភិបាលកិច្ចល្អក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន។ តាមរយៈគម្រោងលាភ បានផ្តល់ឱកាសឲ្យមានការចូលរួមពីសង្គមស៊ីវិល វិស័យឯកជន​ និងស្ថាប័នពាក់ព័ន្ឋដ៏ទៃ តាមរយៈការដេញថ្លៃការប្រកួតប្រជែងសំណើគម្រោង ការផ្តល់កិច្ចសន្យាភាពជាដៃគូក្នុងការងារ និង

ទី៤ – ចូលរួមលើកកម្ពស់ការងារយេនឌ័រ បរិយាប័ន និងសមធម៌សង្គម – ផែនការអនុវត្ត៣ឆ្នាំលើក​ទី៣ បានបន្តឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវពិចារណាអំពីបញ្ហាស្ត្រី កុមារ បរិយាប័ន និងសមធម៌សង្គមនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ខ្លួន ដើម្បីធានាដល់ការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋានប្រកបដោយសុខដុមរមនានៅក្នុងសង្គម។

ការពិតមួយនៃស្ថានភាពប្រជាជនក្រីក្រ ដែលស្នាក់អចិន្ត្រៃយនៅតាម​ផ្ទះជាស្រ្តី ដែលយើងអាចធ្វើការជាមួយបានល្អបំផុត​ក្នុងការលើកកម្ពស់ជីវភាព ព្រោះថាបុរសច្រើនចេញទៅធ្វើការឆ្ងាយ។ យុទ្ធសាស្រ្តរបស់គម្រោង បានសង្កត់ធ្ងន់លើសសកម្មភាពអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយនិរន្តរភាព ដូច្នេះការចូលរួមអោយបានផុលផុសពីគ្រប់ភាគីពាក់ព័ន្ឋពាក់ព័ន្ឋ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ឋ និងការផ្តល់កិច្ចសហការនឹងពីជាមានសារៈសំខាន់ក្នុងដំណើរការអនុវត្តសកម្មភាពយ៉ាងមានប្រសិទ្ឋភាព ដើម្បីបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលជាគោលដៅរបស់គម្រោង និងបន្តខិតខំអនុវត្តឲ្យបានតាមផែនការ និងពេលវេលាដូចបានគ្រោងទុក ស្របតាមក្របខ័ណ្ឌគតិយុត្ត និងកិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកអំពីគម្រោង។

សូមអរគុណ

សម្តេចក្រឡាហោម ស ខេង

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ