គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

មតិស្វាគមន៍របស់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

មតិស្វាគមន៍របស់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

សូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះការចូលមកកានគេហទំព័រគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ)!

ក្រសួងមហាផ្ទៃបានកំពុងអនុវត្តគម្រោងលាភ ដើម្បីគាំទ្រគោលនយោបាយកំណែទម្រង់កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ឋសាស្ត្រ​ចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ឋភាព។ គម្រោងលាភបានចាប់ផ្តើមតាំងពីឆ្នាំ២០០៨ តាមរយៈជំនួយបច្ចេកទេសរបស់ធនាគារពិភពលោក ក្រុមការងារក្រសួងមហាផ្ទៃ បានធ្វើការ​សិក្សាស្រាវជ្រាវនឹងវិភាគលើបទពិសោធន៍នានា ដែលបានអនុវត្តកន្លងមកទាំងក្នុងប្រទេស និងក្នុងតំបន់ស្វែងយល់ពីចំណុចវិជ្ជមាន និងអវិជ្ជមានក្នុងគោលបំណងធានាប្រសិទ្ឋភាពនៃការកាត់បន្ថយភាពក្រីក្រ និងនិរន្តរភាពនៃការបន្តសកម្មភាពក្រោយការបញ្ចប់គម្រោង។ ការសាកល្បងគម្រោងបានចាប់ផ្តើម និងដំណើរការយ៉ាងរលូនតាំងពីខែកក្កដា ឆ្នាំ២០១០ ហើយត្រូវបានបញ្ចប់គម្រោងសាកល្បងនៅឆ្នាំ២០១២។

គម្រោងលាភត្រូវបានធនាគារពិភពលោក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពដាក់បញ្ចូលឡើងវិញក្នុងបញ្ជីមុខសញ្ញាគម្រោងហិរញ្ញប្បទានសម្រាប់អនុវត្តឆ្នាំ២០១៧។ បន្ទាប់ពីបានការអនុញ្ញាតិអំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានចាត់តាំង និងដឹកនាំចង្អុលទិសរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រុមការងារចំពោះកិច្ចមួយដឹកនាំដោយក្រសួងមហាផ្ទៃ និងមានសមាសភាពពីរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលរាជធានីភ្នំពេញ និងតំណាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានដំណើរការរៀបចំសិក្សាកែលម្អរគម្រោងលាភថ្មីនេះ ជាមួយក្រុមការងាររបស់ធនាគារពិភពលោកនៅកម្ពុជា ដោយបញ្ចូលតំបន់គោលដៅរាជធានីភ្នំពេញ ជាសមាសភាគមួយបន្ថែមទៀត សំដៅលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅទីក្រុង។

ឈរលើបទពិសោធន៍ និងនិន្នាការឈានឡើងនៃការវិវត្តន៍ស្ថានភាពសង្គមសេដ្ឋកិច្ចនៅកម្ពុជា ពីការផលិតសម្រាប់គ្រាន់តែហូបចុក ធានាសន្តិសុខស្បៀង មកជាការផលិតដើម្បីបំរើតម្រូវការទីផ្សារសេដ្ឋកិច្ចគម្រោងលាភបានរៀបចំតាក់តែងឡើង ដោយឈរលើគោលការណ៍ “មិនផ្តល់ត្រីហូបទេ តែជួយផ្តល់លទ្ឋភាពឲ្យចេះធ្វើឧបករណ៍ចាប់ត្រីដោយខ្លួនឯង” គឺទី១- បង្កើត និងពង្រឹងស្ថាប័នស្វ័យគ្រប់គ្រងរបស់សហគមន៍ជនក្រីក្រ គឺការគាំទ្រដល់ការបង្កើតក្រុមជួយខ្លួនឯង ក្រុមផលិត និង/ឬ សហគមន៍កសិករ មានវិសាលភាពបំរើទីក្សារសេដ្ឋកិច្ច ដើម្បីជួយបង្កលក្ខណៈដល់សមាជិកក្រុមខ្លួន ឬបុគ្គលម្នាក់ៗមានឱកាសចូលរួមចំណែកក្នុងសកម្មភាផលិតផលរកប្រាក់ចំណូល (ទី២) ផ្តល់ឲ្យស្ថាប័នទាំងនោះ មានឱកាស និងលទ្ធភាពទទួលបាននូវមធ្យោបាយហិរញ្ញវត្ថុ ឬឥណទានសមស្របសម្រាប់ដំណើរការសកម្មភាពមុខរបរខ្លួនឯង និង (ទី៣) ផ្សារភ្ជាប់ស្ថាប័នទាំងនោះទៅទីផ្សារ និងមុខរបរសំខាន់ៗ។

លើកកម្ពស់ការចូលរួមរបស់ក្រុមជនក្រីក្រ និងក្រុមជនងាយរងគ្រោះ មានគោលបំណងជួយសហគមន៍ក្រីក្រទាំងនៅទីក្រុង និងជនប ទទទួលបានសេវាហិរញ្ញវត្ថុ មានឱកាសរកប្រាក់ចំណូល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ឋខ្នាតតូច និងដើម្បីត្រៀមផ្តល់ការគាំទ្រក្នុងករណីជួបហានិភ័យ ឬគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុក្នុងជម្រើសឃុំ សង្កាត់គោលដៅរបស់គម្រោង។​ គម្រោងមាន៤សមាសភាគសំខាន់ៗ និងមានវិសាលភាពគ្រប់ដណ្តប់លើទីតាំងភូមិសាស្រ្ត២ខុសគ្នាទី១ ទីតាំងភូមិសាស្រ្តជនបទនៅក្នុងឃុំ៤៧ នៃស្រុកចំនួន៩ ក្នុងខេត្តសៀមរាប និងទី២មានទីតាំងភូមិសាស្រ្តស្ថិតនៅទីក្រុងនៅក្នុងសង្កាត់ចំនួន១៣ នៃខ័ណ្ឌ១២ ក្នុងរាជធានីភ្នំពេញ។

សមាសភាគទី១ និងទី២ មានសកម្មភាពប្រហាក់ប្រហែលគ្នា ខុសគ្នាត្រង់ថានៅខេត្តសៀមរាប បានផ្តោតសំខាន់លើវិស័យកសិកម្មច្រើន ដោយឡែកនៅរាជធានីភ្នំពេញ បានធ្វើសកម្មភាពលើការងារកែលម្អមុខរបរ ឱកាសការងារ និងផ្តល់សេវាជាងការងារកសិកម្ម។ សកម្មភាពទី១ គាំទ្រដល់ការបង្កើតក្រុមជួយខ្លួនឯង ក្រុមផលិត និង/ឬសហគមន៍កសិករ ដើម្បីជួយបង្កលក្ខណៈដល់សមាជិកក្រុមខ្លួន ឬបុគ្គលម្នាក់ៗ មានឱកាសចូលរួមចំណែកក្នុងសកម្មភាពផលិតផលរកប្រាក់ចំណូល ចេះរៀបចំផែនការសហគ្រិនភាព ចេះចាត់ចែងការងារគណនី និងមានលទ្ឋភាពទទួលបានការបណ្តុះបណ្តាលជំនាញ មុខរបរបច្ចេកវិទ្យា សេវាហិរញ្ញវត្ថុ និងទីផ្សារជាដើម។ សកម្មភាពទី២ លើកកម្ពស់កែលម្អមុខរបរជំនាញ និងឱកាសការងារធ្វើដោយបង្កើតនូវកម្មវិធីបំប៉នមុខជំនាញ ដោយផ្ជង់ការយកចិត្តទុកដាក់ចំពោះយុវជន និងស្ត្រីអត់ការងារក្នុងគ្រួសារក្រីក្រក្នុងតំបន់គោលដៅ។ ចំណែកសកម្មភាពទី៣វិញ បានផ្តោតលើកែលម្អសេវា និងហេដ្ឋារចនាសម័ន្ឋនៅមូលដ្ឋាន សម្រាប់ក្រុមជនក្រីក្រនៅជនបទ និងទីប្រជុំជន។ សកម្មភាពនេះគឺគាំទ្រដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ឋ និងសេវានៅមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនៅក្នុងឃុំ សង្កាត់គោលដៅ ដែលបានលើកនៅក្នុងផែនការវិនិយោគឃុំ សង្កាត់មានជាអាទិ៍៖ សំណង់ទឹកស្អាត និងអនាម័យប្រព័ន្ឋប្រឡាយធារាសាស្រ្តខ្នាតតូច ផ្លួវលំសហគមន៍ ការកែលម្អប្រព័ន្ឋស្រោចស្រព្វដំណាំកសិកម្ម និងប្រឡាយបង្ហូរទឹក ឬប្រព័ន្ឋបំភ្លឺផ្លូវជាដើម។

ថវិការបស់គម្រោងលើសកម្មភាពនេះ ជាថវិកាបន្ថែមលើថវិកាជាតិ ដែលបានវិភាជដល់រដ្ឋបាលឃុំ សង្កាត់ប្រចាំឆ្នាំ ដែលអាចផ្តល់លទ្ឋភាពដល់ក្រុមប្រឹក្សាឃុំសង្កាត់ ពង្រឹងសមត្ថភាពគ្រប់គ្រងចាត់ចែង និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួនមានប្រសិទ្ឋភាពបន្ថែមទៀត ដោយប្រើប្រាស់រចនាសម័្ពន្ឋ យន្តការ និងនិតីវិធី ដែលមានស្រាប់នៅមូលដ្ឋាន ដែលក្រុមប្រឹក្សាឃុំសង្កាត់កំពុងអនុវត្តក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

ជាមួយភារកិច្ច និងការទទួលខុសត្រូវលើកិច្ចការដ៏មានសារសំខាន់នេះ ខ្ញុំពិតជាមានមោទនភាពដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល វិស័យឯកជន ជាពិសេសការកសាងភាពជាដៃគូរឹងមាំជាមួយដៃគូអភិវឌ្ឍន៍​នានា ក្នុងសកម្មភាពលើកកម្ពស់ជាជីវភាពប្រជាជនក្រីក្រ និងធានាបានកំណើនសេដ្ឋកិច្ចមានរនិរន្តរភាព។ ក្រៅពីព័ត៌មាននៅក្នុងគេហទំព័រនេះ ខ្ញុំសូមអញ្ជើញប្រិយមិត្តទាំងអស់ធ្វើទំនាក់ទំនងមកកាន់​មន្រ្តី​គម្រោងលាភ ដើម្បីសាកសួរព័ត៌មានបន្ថែមប្រសិនបើចាំបាច់។

សូមអរគុណ

ឯកឧត្តម ងី ចន្រ្ទ័ផល
រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ