គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

LIVELIHOOD ENHANCEMENT & ASSOCIATION OF THE POOR

មតិស្វាគមន៍របស់ ឯកឧត្តម នាយកគម្រោងលាភ

មតិស្វាគមន៍របស់ ឯកឧត្តម នាយកគម្រោងលាភ

សូមស្វាគមន៍បងប្អូនជនរួមជាតិ!

ខ្ញុំមានបីតិសោមនស្សរីករាយសូមជំរាបជូនលោក លោកស្រី ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានទទួលកម្ចីហិរញ្ញប្បទានពីធនាគារពិភពលោក សម្រាប់យកមកអនុវត្តគម្រោង «លើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) »។ គម្រោងលាភត្រូវបានបង្កើតឡើងស្របតាមគោលនយោបាយ និងគោលដៅកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ឆ្នាំ២០១៤-២០១៨។ សកម្មភាពអាទិភាពមួយក្នុងចំណោមសកម្មអាទិភាពសំខាន់ៗ ដែលបានកំណត់ក្នុង NSDP គឺការលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ​ប្រហែល២០ភាគរយ សម្រាប់គ្រួសារដែលកំពុងជួបការលំបាកនៅឡើយ។ គោលនយោបាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បានកំណត់យកសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងគាំទ្រដល់គ្រួសារ ដែលបានងើបចេញពីភាពក្រីក្រ ប៉ុន្តែនៅតែជាជនងាយរងគ្រោះនៅឡើយជាបញ្ហាអាទិភាព។

ដោយផ្តោតទៅលើលទ្ធផលសំខាន់ៗរបស់ខ្លួន គម្រោងលាភត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយគ្រួសារងាយរងគ្រោះនៅក្នុងឃុំ សង្កាត់គោលដៅឱ្យទទួលបានសេវាហិរញ្ញវត្ថុ ឱកាសបង្កើនប្រាក់ចំណូល ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចបានប្រសើរជាងមុន និងផ្តល់ជូនពួកគាត់នូវជំនួយបន្ទាន់ និងចាំបាច់ក្នុងករណីមានគ្រោះអាសន្ន ឬនិងកិច្ចសង្គ្រោះបន្ទាន់។ សំខាន់ជាងនេះ គម្រោងមានគោលបំណងកសាងមូលធនសង្គមរឹងមាំ និងផ្តល់ឱកាសដល់ប្រជាជនក្រក្រក្នុងការបញ្ចេញមតិ និងការរៀបចំធ្វើផែនការ និងគ្រប់គ្រងជោគវាសនាដោយខ្លួនឯង។

ប្រការគួឱ្យកត់សម្គាល់មួយទៀត ដោយសារប្រាក់ចំណូលមួយភាគធំក្នុងមួយឆ្នាំៗ បានមកពីវិស័យកសិកម្ម ដូច្នេះគ្រួសារក្រីក្រមួយចំនួនបានស្វែងរកការងារធ្វើនៅក្នុងវិស័យឧស្សាហកម្ម ដើម្បីរកចំណូលបន្ថែមដូចជារោងចក្រ សំណង់ និងរោងចក្រកាត់ដេរទាំងនៅក្នុងប្រទេស ឬក្រៅប្រទេសជិតខាងដែលមានកម្រិតប្រាក់ខែខ្ពស់។ ការងារបែបនេះជាញឹកញាប់អាចធ្វើបានតែតាមរដូវកាល មានរយៈពេលខ្លី និងផ្តល់ឱកាសតិចតួចសម្រាប់ការបង្កើនជំនាញបន្ថែម។ ទាំងនៅខេត្តសៀមរាប ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យទេសចរណ៍ និងរាជធានីភ្នំពេញដែលវិស័យសំណង់ បដិសណ្ឋារកិច្ច វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗទៀត កំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលធ្វើឱ្យពូកគេមានលទ្ធភាពច្រើនក្នុងការបង្កើនសមត្ថភាពការងារថ្មីៗ។ ផ្ទុយទៅវិញការទទួលបានព័ត៌មានស្តីពីឱកាស និងជំនាញកំពុងមានការខ្វះខាតនៅក្នុងសហគមន៍ជនបទ និងទីក្រុង។ ដូច្នេះគម្រោងលាភជាយុទ្ធសាស្រ្តដ៏ល្អមួយសម្រាប់យើងក្នុងការកាត់បន្ថយសហគមន៍ក្រីក្រនៅជនបទ និងទីក្រុងពីភាពក្រីក្រដោយភ្ជាប់គ្រួសារក្រីក្រមិនថា តាមរយៈក្រុមជួយខ្លួនឯង និងក្រុមអ្នកផលិតនៅតាមតំបន់ជនបទ ឬក្រុមនីមួយនៅទីក្រុងដែលកំពុងមានតម្រូវការផ្នែកកសាងសមត្ថភាព តាមរយៈការវិនិយោគខ្លួនឯងលើជំនាញថ្មីៗ ដែលជាចំណុចសំខាន់សម្រាប់ការអភិវឌ្ឍកាន់តែស៊ីជម្រៅ។

យើងពិតជាមានមោទនភាពដែលទទួលបានឱកាសដ៏វិសេសវិសាលនេះ ក្នុងការកសាងសេដ្ឋកិច្ចរបស់ប្រទេសយើង ជាពិសេសផលិតផលកសិកម្ម  និងការអភិវឌ្ឍន៍ជំណាញ។ ក្រសួងមហាផ្ទៃ​ដែលជា​សេនាធិការ​ដឹកនាំការអនុវត្តគម្រោងបានកសាងភាពជាដៃគូរឹងមាំជាមួយគ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ ​ដើម្បីសម្រេចគោលដៅរួម។ ក្នុងស្មារតីនេះ ខ្ញុំសូមលើកទឹកចិត្តគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យ​ពាក់ព័ន្ធដទៃទៀតចូលរួម និងគាំទ្រដល់កិច្ចខិត្តខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា​ដើម្បីសម្រេចបាន​លទ្ធផលជាក់ស្តែងសម្រាប់ប្រទេសរបស់យើង។

សូមអរគុណ

ឯកឧត្តម ប្រាក់ សំអឿន
នាយកគម្រោងលាភ
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ